ដាវ នីម ថា ត្រូវប្រឹងខ្លាំងបំផុតជាពិសេសនៅក្លិបដើម្បីបានលេងព្រឹត្តិការណ៍ធំ
ដាវ នីម បានវិលចូលក្រុមជម្រើសជាតិកម្ពុជាសាជាថ្មី ក្រោយអាក់ខានតាំងពីចុងឆ្នាំ២០១៩ម្ល៉េះ។ គេត្រូវបានកោះហៅចូលបញ្ជីចុងក្រោយឡើងវិញ ក្រោយជាប់តេស្ដកម្លាំងដំណាក់កាលទី១ និងត្រៀមប្រកួតជាមួយជម្រើសជាតិបង់ក្លាដេសនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ខាងមុខ។
ទទួលបានការកោះហៅសម្រាប់ជំនួបមិត្តភាព មិនមែនតែបំណងប្រាថ្នាមួយគត់សម្រាប់ខ្សែប្រយុទ្ធណាហ្គាវើលដ៍រូបនេះទេ តែក៏មានបំណងចង់ជាប់ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ដែរ។ តែអ្វីសំខាន់បំផុត ដាវ នីម សង្កត់ធ្ងន់ថា ត្រូវតែប្រឹងអស់ពីសមត្ថភាព។
អតីតសមាជិកគិរីវង់សុខសែនជ័យថ្លែងបែបនេះ “៖ វាពិតណាស់ ឆ្នាំ២០២៣ យើងធ្វើជាម្ចាស់ផ្ទះ ហើយកីឡាករណា ក៏គិតចង់បង្ហាញខ្លួនលើទីលានដែរ។ ប៉ុន្តែយើងត្រូវដឹងថា ដើម្បីអាចមានឱកាសបានលេងតំណាងឲ្យជាតិ ក្នុងព្រឹត្តិការណ៍ធំៗអ៊ីចឹង យើងត្រូវតែប្រឹងប្រែងឲ្យបានខ្លាំងបំផុត ពិសេស គឺការលេងនៅក្លិប ដើម្បីឲ្យគ្រូជម្រើសជាតិមើលឃើញ”។