វិសាខា បន្តជួយឧបត្ថម្ភថវិការទប់ស្កាត់ការរីករាលដាល Covid-19
ប្រធានក្លិប វិសាខា ធ្លាប់បានឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រៃវែង ១០ លានរៀល ដើម្បីប្រយុទ្ធប្រឆាំងជាមួយ Covid-19 ខណៈពេលនេះលោកជំទាវ កែ សួនសុភី បានចូលរួមឧបត្ថម្ភថវិកាចំនួន ៨ លានរៀល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នឹងទប់ស្កាត់ការរីករាលដាលដល់ប្រជាពលរដ្ន នាខេត្តបន្ទាយមានជ័យ បន្តទៀត។
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះ ក្រុមការងារ តំណាងលោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា បាននាំយកថវិកាសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោកជំទាវ និងក្រុមគ្រួសារ ចំនួន ៨,០០០,០០០រៀល ឧបត្ថម្ភដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺ Covid-19 ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ។ ហើយកាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក លី ឡាយ ប្រធានគ្រប់គ្រងក្រុមអ្នកគាំទ្រ អ្នកចម្បាំងពណ៍ខៀវ -The Blue Warriors បាននាំយកថវិកាសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា ចំនួន ១០,០០០,០០០រៀល ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រៃវែង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ម្តងរួចមកហើយ។
គិតត្រឹមពេលនេះមានមនុស្សចំនួន ១០៧ នាក់ ខណៈដែលបានឆ្លងជំងឺថ្មីកូវីដ ១៩ ក្នុងប្រទេសកម្ពុជា ស្របពេលដែលមនុស្ស ២៣ នាក់បានជាសះស្បើយ។ សូមបញ្ជាក់ថា នេះជាការចូលរួមចំណែកបន្ថែមទៀតបន្ទាប់ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានឧបត្ថម្ភចំនួន ៨០លានរៀល នាខេត្តព្រះសីហនុ ផងដែរ ៕