កីឡដ្ឋានស្តង់ដាររបស់ ណាហ្គាវើលដ៍ នាខេត្តកំពង់ស្ពឺ ចាប់ផ្តើមសាងសង់ហើយ
កីឡដ្ឋានស្ដង់ដារអន្ដរជាតិដំបូងនាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលផ្ដួចផ្ដើមគំនិតដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ បានធ្វើដំណើរការសាងសង់ជាផ្លូវការហើយ កាលពីដើមសប្ដាហ៍កន្លងទៅ ដោយគ្រោងចំណាយថវិកាជាង ៣លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២ ដែលអាចផ្ទុកអ្នកទស្សនាបាន៦០០០ នាក់ ស្របពេលដែលក្លិប ណាហ្គាវើលដ៏ យកទីតាំងនេះសម្រាប់ប្រកួតក្នុងដីគ្រប់ពានរង្វាន់ផ្សេងៗ។
ក្នុងការសាងសង់នេះត្រូវបានលោក ដាវ អានសាន ក្រុមការងារត្រួតពិនិត្យការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺបានបញ្ជាក់ថា បន្ទាប់ពីធ្វើពិធីបញ្ចុះបឋមសិលា កាលពីចុងឆ្នាំ២០១៩ ឥឡូវការសាងសង់បានចាប់ផ្ដើមផ្លូវការហើយ ដោយគ្រោងចំណាយពេលសាងសង់ ២ឆ្នាំ ចាប់ពីបច្ចុប្បន្ន រហូតដល់ឆ្នាំ២០២២ ជាមួយគម្រោងចំណាយប្រមាណជាង ៣លានដុល្លារ (វាយតម្លៃដោយក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់)។ លោកបានបន្ថែមថា៖ ការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ តាមផែនការយើងចែកជា ២ដំណាក់កាល ដោយកីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបាន ៦ពាន់នាក់ តែដំណាក់កាលទី១ យើងនឹងសាងសង់កន្លែងអ្នកទស្សនា ៣ពាន់នាក់សិន បន្ទាប់មកទើបបន្ដសាងសង់ដំណាក់កាលទី២ សម្រាប់ផ្ទុកអ្នកទស្សនា ៣ពាន់នាក់ទៀត។ ក៏ប៉ុន្ដែយើងសាងសង់នេះ គឺចង់បានកីឡដ្ឋានស្ដង់ដារមួយ ដែលអាចប្រកួតថ្នាក់តំបន់បាន ក្រោយសាងសង់រួច។
នេះជាផ្នែកមួយ នៃការអភិវឌ្ឍន៍វិស័យកីឡា ក្នុងខេត្តកំពង់ស្ពឺ ដោយផ្អែកលើគម្រោងជារួម ដែលឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ ក្នុងន័យចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដូចជាកីឡាករ គ្រូបង្ហាត់ និងផ្ដល់ឱកាសឲ្យប្អូនៗ ដែលមានទេពកោសល្យ បានចូលរួមលេងកីឡា ព្រោះលោកមានមហិច្ឆតាចង់ឃើញប្អូនៗ កីឡាករកម្រិតជាតិនាថ្ងៃអនាគតច្រើនចេញពីខេត្តកំពង់ស្ពឺ។ ក្រោមការចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ានី ក្រៅពីកីឡដ្ឋានខេត្តកំពង់ស្ពឺ នៅមានសមិទ្ធផលជាច្រើនទៀត ត្រូវបានកសាងឡើង ដើម្បីបម្រើប្រយោជន៍សាធារណៈដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ។ ម្យ៉ាងរដ្ឋបាលខេត្ត និងមន្ទីរ ក៏បានខិតខំអភិវឌ្ឍសមិទ្ធផលជាច្រើនដែរ តួយ៉ាងក្នុងវិស័យកីឡា កំពង់ស្ពឺក៏មានទីលានបាល់ទាត់ នៅតាមមន្ទីរ វិទ្យាល័យ និងទីលានឯកជនមួយចំនួន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងខេត្តក្បែររាជធានីភ្នំពេញនេះដែរ ។
គួរបញ្ជាក់ផងដែរថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសាងសង់លើផ្ទៃដីជាង ៤ហិកតា ហើយបានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ហ៊ុន ម៉ានី។ បន្ទាប់មកមានក្រុមហ៊ុនបរទេស ៣ បានចូលដេញថ្លៃសាងសង់ មុនក្រុមការងារត្រួតពិនិត្យគម្រោងនេះ សម្រេចជ្រើសរើសក្រុមហ៊ុនមួយ ដើម្បីធ្វើការជាមួយដៃគូក្នុងស្រុក ក្នុងការសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ។ គម្រោងនេះដែរ ក៏ទទួលបានការឧបត្ថម្ភ ២លានដុល្លារ ពីគម្រោងណាហ្គាវើលដ៏បេះដូងសប្បុរសទៀតផង៕