Real Madrid ដាក់លក់ខ្សែបម្រើ James Rodriguez ក្នុងតម្លៃ២៥លានអឺរ៉ូក្រោយចប់រដូវកាលនេះ
ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា នឹងដាក់លក់ខ្សែបម្រើ James Rodriguez ក្នុងតម្លៃ២៥លានអឺរ៉ូក្រោយចប់រដូវកាលនេះ។
កីឡាករសញ្ជាតិកូឡុំប៊ីមិនត្រូវស្ថិតនៅក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹក Zinedine Zidane ទេ ក្រោយពីក្របខ័ណ្ឌ La Liga ត្រឡប់មកវិញ ខណៈបុរសសញ្ជាតិបារាំងបានបញ្ជាក់យ៉ាងច្បាស់ថា អតីតសមាជិក AS Monaco និង Bayern Munich រូបនេះនឹងមិនមានវត្តមាននៅលើទីលានទៀតទេរហូតដល់ចប់រដូវកាលនេះតែម្តង។
យ៉ាងណាក្តី មូលហេតុដែលធ្វើឱ្យ Real Madrid ទម្លាក់តម្លៃខ្លួន James បែបនេះគឺដោយសារតែម្ចាស់ក្លឹប Florentino Perez កំពុងតែលកលៃក្នុងការសន្សំសំចៃហិរញ្ញវត្ថុរបស់ក្លឹបដើម្បីសម្រួលដល់ការបើកប្រាក់ខែដល់សមាជិកផ្សេងៗទៀតអំឡុងវិបត្តិវីរុសកូវីដ១៩។
គួរឱ្យដឹងថា ខ្សែបម្រើ James Rodriguez ត្រូវបានក្លឹបជាច្រើនកំពុងចាប់អារម្មណ៍ដូចជា Manchester United, Juventus, Inter Milan និង Atletico Madrid ជាដើម។