គ្រូ Monchengladbach ថា Barca លែងល្អដូចមុនទៀតហើយ
លោក Marco Rose អ្នកចាត់ការ Borussia Monchengladbach ទទូចថា FC Barcelona មិនមែនជាក្លិបខ្លាំងជាងគេជាងឯងទៀតទេ ទាំងនៅកម្រិតអឺរ៉ុប និងនៅ La Liga។
គ្រូជនជាតិអាល្លឺម៉ង់បង្ហើបថា មិនបានមើលប្រកួត El Clasico ឡើយកាលថ្ងៃសៅរ៍កន្លងទៅ ព្រោះយល់ថា ក្រុមរហស្សនាមអ្នកមានបុណ្យមិនមានគុណភាពដូចមុនទៀតទេ។
លោក Rose លម្អិតបែបនេះ “៖យើងដឹងថា Barcelona ឆ្លងកាត់ការលំបាកច្រើន ហើយពួកគេក៏មិនដូចមុន ដែលយើងតែងតែសរសើរដែរ។ បើនិយាយពី Real Madrid វិញ យើងចាំមើលជំនួប៩០នាទីសិន ថា ពួកគេអាចស្គាល់ពីយើងបានប៉ុនណា។ យើងសប្បាយចិត្តដែលបានជួបក្រុមដ៏អស្ចារ្យ ដូច្នេះយើងត្រូវតែផ្ដោតលើការប្រកួត ថា តើនឹងមានអ្វីកើតឡើង។”
លោក Marco Rose ក៏បានសរសើរពីខ្សែការពារ Sergio Ramos ប្រធានក្រុម Real Madrid ដែរ ដោយរូបគេជាកីឡាករតែងតែបង្កការលំបាកលើទីលានដល់ក្រុមគូប្រជែងឯទៀត។ យ៉ាងណា លោកថា សប្បាយចិត្តចំពោះអ្វីដែលក្លិបលោកមាន។
Borussia Monchengladbach នឹងទទួលស្វាគមន៍ Real Madrid នៅថ្ងៃអង្គារ ទី២៧ ខែតុលា នេះក្នុងការប្រកួតពូល B ក្របខណ្ឌ UEFA Champions League។ បើកឆាកសប្ដាហ៍មុន Real Madrid ចាញ់ Shakhtar Donetsk ២ទល់នឹង៣ ខណៈ Monchengladbach ស្មើ Inter Milan ២ទល់នឹង២៕