គ្រូ Real អត់ពេញចិត្តលទ្ធផលចាប់គូ UCL ម្ដងទៀត តែ Pep ថា សមរម្យហើយ
លោក Carlo Ancelotti អ្នកចាត់ការ Real Madrid បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការចាប់គូឡើងវិញសម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីកំហុសបច្ចេកទេសពីក្រុមការងារសហព័ន្ធបាល់ទាត់អឺរ៉ុប។
បើតាមសារព័ត៌មាន Goal ក្រុមជើងឯក UCL ៣សម័យមិនពេញចិត្តការរៀបចំចាប់គូកាលពីយប់មិញ និងថា វាជារឿងដ៏អាស្រូវមួយ។
ដំបូងឡើយ Real Madrid ត្រូវបានចាប់ប៉ះ Benfica តែការចាប់ម្ដងទៀត បានជួប Paris Saint Germain វិញ។
ក្រុមមកពី La Liga បានផ្ញើ email ទៅ UEFA ដើម្បីបញ្ជាក់លម្អិតពីហេតុផលទៅហើយ តែត្រូវក្រុមការងារសហព័ន្ធធំនេះច្រានចោល មិនបកស្រាយ។
ផ្ទុយពីលោក Ancelotti គឺលោក Pep Guardiola អ្នកចាត់ការ Manchester City ទទួលស្គាល់ថា វាជាកំហុស តែវាជារឿងធម្មតា មិនថា គ្រូបង្វឹក ឬកីឡាករទេ ក៏ពេលខ្លះនៅតែមានកំហុសដូចគ្នា។ លោកថា វាជារឿងល្អហើយដែលសម្រេចចាប់គូម្ដងទៀតបែបនេះ។
ក្នុងការចាប់គូលើកទី១ Man City ត្រូវប៉ះ Villareal តែលើកទី២ជួប Sporting Lisbon វិញ៕