Kane នឹងឈ្នះពានប្រសិនបើគេចូលរួមជាមួយ Newcastle United
(BC-99)
ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham នឹងមានឱកាសច្រើនក្នុងការលើកពាននៅ Newcastle ជាងនៅក្លឹបបច្ចុប្បន្នរបស់គាត់។
Kane បានក្លាយជាកីឡាករពេញសិទ្ធរបស់ក្រុមមាន់ខ្នាយមាស Tottenham Hot Spur ដែលមានទីតាំងនៅភាគខាងជើងទីក្រុងឡុងដ៍ចាប់តាំងពីឆ្នាំ 2009 មកម្ល៉េះប៉ុន្តែរូបគេមិនទាន់បានឈ្នះពានរង្វាន់អ្វីឡើយជាមួយក្រុមរបស់ពួកគេនេះ។
ស្របពេលដែលកីឡាករវ័យ 29 ឆ្នាំរូបនេះបានជួយឱ្យក្រុមមាន់ខ្នាយមាសឡើងដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន 3 ពានរង្វាន់ផ្សេងគ្នាដែរនោះតែរូបគេបានត្រឹមតែទទួលបានមេដាយប្រាក់ក្នុងនាមជាកីឡាកររបស់ក្រុមរងជើងឯកតែប៉ុណ្ណោះ។
ជាមួយនឹងសមត្ថភាពដែលអាចស៊ុតបាល់បញ្ចូលទីដល់ទៅ 265 គ្រាប់តែមិនអាចឈ្នះពានអ្វីបានយ៉ាងដូច្នេះអតីតអ្នកចាត់ការទូទៅលោក Neil Warnock បានរកដំណោះស្រាយសម្រាប់ Kane ដោយលោកបានលើកឡើងថា កីឡាកររូបនេះនឹងឈ្នះពានរង្វាន់ភ្លាមប្រសិនបើគេប្តូរទៅកាន់ Newcastle United ។
លោកបានប្រាប់សារព័ត៌មាន talkSPORT ថា “ខ្ញុំបានណែនាំពួកគេ (Newcastle) នៅមុនបើករដូវកាល ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួន ហើយគ្រប់គ្នាគិតថានេះជាគំនិតត្រឹមត្រូវ។ ខ្ញុំបានឃើញសញ្ញាណល្អរបស់ក្រុមនៅពេលដែលពួកគេបានប្រកួតទល់នឹងក្រុម Arsenal ។….. Kane នឹងឈ្នះពានណាមួយជាមួយពួកគេប្រសិនបើគេយល់ព្រមផ្លាស់មកកាន់ (Newcastle) United” ។