សហម្ចាស់ក្លិប Inter Miami បង្ហើបថា Messi អាចមានភាគហ៊ុនក្រោយចូលនិវត្តន៍
យោងតាមលោក Jorge Mas សហម្ចាស់ក្លិប Inter Miami ធ្លាប់បានបញ្ចុះបញ្ចូល Lionel Messi កាលពី៤ឆ្នាំមុន ហើយបានត្រៀមផ្តល់ប្រាក់ឈ្នួលដល់តារាអាហ្សង់ទីនយ៉ាងតិច៥០លានដុល្លារក្នុងមួយរដូវកាល។
លោក Mas បានប្រាប់ El Pais នៅថ្ងៃទី០២ ខែកក្កដាថា “៖នៅក្នុងឆ្នាំ២០១៩ យើងបានចាប់ផ្តើមគិតអំពីរបៀបដែលយើងអាចនាំ Messi ទៅកាន់ Inter Miami។ Messi អាចប្រែក្លាយ MLS ទៅជាលីគមួយក្នុងចំណោមលីគធំបំផុតពីរឬបីនៅលើពិភពលោក។”
អ្នកជំនួញជនជាតិអាមេរិកវ័យ៦០ឆ្នាំរូបនេះបានបង្ហើបថា Messi នឹងរីករាយនឹងភាគហ៊ុនរបស់ Inter Miami បន្ទាប់ពីចូលនិវត្តន៍។ Mas បាននិយាយថាតារាអាហ្សង់ទីននឹងមានជីវិតបន្ទាប់ពីបាល់ទាត់ដូច David Beckham ដែលជាសហម្ចាស់ក្លិប Inter Miami ផ្ទាល់ឬ Michael Jordan ជាវីរបុរសបាល់បោះដែលឥឡូវនេះមានម៉ាកស្បែកជើងដ៏ល្បីល្បាញ។
Mas ក៏បានបង្ហើបថា Messi នឹងទទួលបានប្រាក់ខែតាមរដូវកាលពី៥០ លានទៅ៦០លានដុល្លារនៅ Inter Miami បន្ថែមពីលើរបបព្យាបាលពិសេសផ្សេងទៀត៕