ពានរង្វាន់បាល់ទាត់យុវជន U14 អន្តរជាតិនឹងប្រកួតពីថ្ងៃទី១៧ ដល់១៩វិច្ឆិកា
ការប្រកួតពានរង្វាន់យុវជនអន្តរជាតិអាយុក្រោម ១៤ឆ្នាំ ប្រចាំខេត្តសៀមរាប ឬ U14 XO Siem Reap International Youth Cup 2023 រយៈពេល ៣ថ្ងៃ នៅខែវិច្ឆិកានេះ។ ដំណើរការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពី ថ្ងៃសុក្រ ទី ១៧ ខែ វិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅកីឡដ្ឋានហនុមាន ក្រុងសៀមរាប ខេត្តសៀមរាប។
ការប្រកួតលំដាប់អន្តរជាតិនេះ មានការចូលរួមដោយ សមាគមក្លិបបាល់ទាត់សៀមរាបយូណាយធីតអាយុក្រោម ១៤ឆ្នាំ (Siem Reap United U14) នៃព្រះរាជាណាចក្រកម្ពុជា និង ក្លិបបាល់ទាត់វិសាខា អាយុក្រោម ១៤ឆ្នាំ (Visakha Football Club Academy U14) នៃព្រះរាជាណាចក្រកម្ពុជា ក្រុមបាល់ទាត់ ឈុនបុរី អាយុក្រោម ១៤ឆ្នាំ (Chonburi FC Academy U14) នៃព្រះរាជាណាចក្រថៃឡង់ និង ក្រុមបាល់ទាត់ ឡាយអិនស៊ីធី សែលឡ័រ អាយុក្រោម ១៤ឆ្នាំ (Lion City Sailor Academy U14) នៃប្រទេសសិង្ហបុរី។
ការប្រកួតនេះ នឹងធ្វើឡើងលក្ខណៈសន្សំពិន្ទុ ដោយក្រុមឈ្នះ ទទួលបាន ៣ពិន្ទុ ស្មើនឹងទទួលបាន ១ពិន្ទុ និងចាញ់ ទទួលបាន ០ពិន្ទុ ឯក្រុមដែលទទួលបានពិន្ទុច្រើនជាងគេ ស្ថិតនៅកំពូលតារាង គឺជាក្រុមជើងឯក។ មួយថ្ងៃមាន ២ប្រកួត ដោយមួយប្រកួត មានរយៈពេល ៦០នាទី និងសម្រាករយៈពេល ១៥នាទី។
នេះជាការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអន្តរជាតិជាលើកដំបូង ក្នុងខេត្តសៀមរាបដែល ឧបត្ថម្ភធំដោយ សម្ព័ន្ធឧស្សាហកម្ម XO ក្នុងការប្រកួតនេះ ក៏មានការប្រគល់ពានរង្វាន់ដល់ក្រុមជើងឯក ជើងឯករង និងក្រុមទទួលបានចំណាត់ថ្នាក់លេខ ៣ ព្រមទាំងការប្រគល់ពានរង្វាន់ឯកត្តជន ដល់កីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ (Top Scorer) កីឡាករល្អបំផុតប្រចាំការប្រកួត (Best Player) និងអ្នកចាំទីល្អបំផុត (Best Goalkeeper)។