លោក អ៊ុង កនយ៉ានិត និងលោក ហុក សុជីវ័ន ជាគ្រូកម្រិត A ដែលទំនេរ និងជម្រើសល្អ
លោក អ៊ុង កនយ៉ានិត និងលោក ហុក សុជីវ័ន មិនទាន់ចូលរួមកាន់ក្រុមណាក្នុងលីគកំពូល ឬលីគ២ ជាថ្មីទៀតទេ ក្រោយចាកចេញពីក្រុមរៀងៗខ្លួន។
ជាក់ស្ដែង លោក អ៊ុង កនយ៉ានិត បានចាកចេញពីអាយអេសអាយដង្កោសែនជ័យដែលលោកចូលរួមរយៈពេលខ្លីក្នុងនាមជានាយកបច្ចេកទេស ឈរឈ្មោះជំនួសលោក John Botioba ពេលគ្រូបង្វឹកកាមេរូនរូបនេះរៀន A-License។
លោក យ៉ានិត ដែលជាអតីតខ្សែបម្រើឆ្នើមជម្រើសជាតិអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើម២០០០ ជាគ្រូបង្វឹកកាន់ A-License ធ្លាប់នាំនគរបាលជាតិឈ្នះជើងឯកសម្ដេចតេជោ ហ៊ុន សែន ២០១៤។ លោកក៏ធ្លាប់ធ្វើជាគ្រូជំនួយជម្រើសជាតិដែរ។
ចំណែកលោក ហុក សុជីវ័ន កាន់ការងារគ្រូបង្គោលចុងក្រោយបង្អស់នៅកោះកុងអេហ្វស៊ី មុនរំសាយក្នុងខែមេសា ឆ្នាំ២០២៣នេះ។ គ្រូបង្វឹក A-License រូបនេះក៏ជាបុគ្គលដ៏លេចធ្លោមួយរូបដោយធ្លាប់កាន់ការងារនៅ Alberix Niigata, Cambodian Tiger, វិសាខា ផងដែរ។ លោកនាំវិសាខាឈ្នះជើងឯកលីគ២ ឆ្នាំ២០១៧ ឡើងទៅលីគកំពូល២០១៨ មុនចែកផ្លូវពាក់កណ្ដាលរដូវកាល២០១៩។ លោកធ្លាប់នាំកោះកុងឈ្នះជើងឯកសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២១៕