Man City ត្រៀមប្តឹងបកទៅ Premier League វិញជុំវិញច្បាប់ហិរញ្ញវត្ថុ
Man City ចាប់ផ្តើមស្វែងរកផ្លូវច្បាប់ដើម្បីប្រឆាំងតបទៅនឹង Premier League ជុំវិញច្បាប់ហិរញ្ញវត្ថុ មុនពេលសវនាការលើការចោទប្រកាន់ចំនួន 115 ករណីរបស់ពួកគេ។
កាសែត The Times បានរាយការណ៍ថា Man City កំពុងព្យាយាមបញ្ចប់ច្បាប់ប្រតិបត្តិការភាគីពាក់ព័ន្ធ (ATP) របស់ Premier League ។ ច្បាប់ទាំងនោះទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការឧបត្ថម្ភជាមួយនឹងក្រុមហ៊ុនដែលមានឬជាប់ពាក់ព័ន្ធជាមួយម្ចាស់ក្លឹបដូចគ្នា។ ច្បាប់ទាំងនោះកំណត់ថាប្រតិបត្តិការបែបនេះត្រូវតែត្រូវបានវាយតម្លៃដោយឯករាជ្យដើម្បីឱ្យមានភាពយុត្តិធម៌ក្នុងតម្លៃទីផ្សារ។
ច្បាប់នេះត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ 2021 ខណៈដែល Newcastle ត្រូវបានទិញដោយការវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត។ វិវាទផ្លូវច្បាប់នឹងត្រូវដោះស្រាយក្នុងអំឡុងពេលសវនាការមជ្ឈត្តកម្មរយៈពេលពីរសប្តាហ៍ដែលចាប់ផ្តើមនៅថ្ងៃចន្ទទី 10 ខែមិថុនាខាងមុខនេះ។
តើបញ្ហានេះជាប់ទាក់ទងនឹងការចោទប្រកាន់ចំនួន ១១៥ ករណីដែលមានស្រាប់របស់ Man City ពី Premier League យ៉ាងដូចម្តេចខ្លះ?
Manchester City ត្រូវបានចោទប្រកាន់ជាលើកដំបូងកាលពីខែកុម្ភៈ ឆ្នាំ 2023 ជាមួយនឹងការបំពានច្បាប់ហិរញ្ញវត្ថុជាង 100 ករណីក្នុងរយៈពេល 9 ឆ្នាំដែលចាប់ផ្តើមនៅឆ្នាំ 2009 និងបន្តរហូតដល់ឆ្នាំ 2018 ។ តាមការចោទប្រកាន់ពួកគេមិនបានបង្ហាញឱ្យបានពេញលេញនូវប្រាក់បំណាច់ហិរញ្ញវត្ថុដែលត្រូវបានធ្វើឡើងចំពោះអ្នកគ្រប់គ្រង (គ្រូបង្វឹក) ម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងរបស់ពួកគេក្នុងរយៈពេល 4 ឆ្នាំ។ ដូច្នេះអាចមានន័យថាមានកិច្ចសន្យាសម្ងាត់មួយដោយអ្នកគ្រប់គ្រងម្នាក់ទទួលបានប្រាក់ខែច្រើនជាងការបញ្ជាក់ជាផ្លូវការរបស់ក្លឹប។ សហព័ទ្ធ Premier League ក៏បានចោទថា Man City មិនបានគោរពតាមច្បាប់ស្តីពីហិរញ្ញវត្ថុរបស់ UEFA ក្នុងរយៈពេលប្រាំឆ្នាំ។ ពួកគេក៏បានចោទប្រកាន់ថា Man City មិនបានសហការពេញលេញជាមួយនឹងការស៊ើបអង្កេតរបស់ Premier League ដូចគ្នាដែរ។ របាយការណ៍របស់កាសែត The Times អះអាងថាសវនាការលើការចោទប្រកាន់ចំនួន 115 ករណីដែលក្លឹបបដិសេធទាំងអស់នឹងត្រូវដឹងនៅក្នុងខែវិច្ឆិកា។